គ្រូបង្វឹក Fujieda សរសើរកីឡាករ ចាន់ វឌ្ឍនាកា ពូកែទាំង​ប្រយុទ្ធ និងដណ្ដើម​បាល់​ដៃគូបានល្អ

កីឡាថ្ងៃសៅរ៍ ទី10 ខែមិថុនា ឆ្នាំ2017 ម៉ោង 9:20 នាទី ល្ងាច

(ជប៉ុន)៖ កីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហាញសមត្ថភាពជាមួយមិត្តរួមក្រុមថ្មីនៃក្លឹប Fujieda MYFC ហើយ នៅ​ក្នុងជំនួបមិត្តភាព ក្រៅផ្លូវការមួយ កាលពីល្ងាចមិញដោយជួបក្រុមលំដាប់លីគទី៣ របស់ជប៉ុនដូចគ្នា គឺក្លឹប Y.S.C.C YOKOHAMA។ មិនតែប៉ុណ្ណោះតារាបាល់ទាត់ ជំនាញជើងឆ្វេងរូបនេះ ថែមទាំងទទួលបានការកោតសរសើរ​ពីគ្រូបង្វឹកទៀត​ផង។ នេះបើតាមការបញ្ជាក់លើទំព័រ Facebook ជាភាសាខ្មែររបស់ក្លឹប Fujieda នារាត្រីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ។

នេះគឺជាការប្រកួតដំបូងរបស់កីឡាករ ចាន់ វឌ្ឍនាកា បន្ទាប់ពីរូបគេបានធ្វើដំណើរទៅដល់ប្រទេសជប៉ុន កាលពីថ្ងៃច័ន្ទដើម​សប្ដាហ៍កន្លង​ទៅ និងបានចូលហ្វឹកហាត់ជាផ្លូវការជាមួយក្លឹប Fujieda MYFC កាលពីថ្ងៃទី១៥ ខែកុម្ភៈថ្មីៗនេះ ដែលជាការ​ចូល​រួម​ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។ ប៉ុន្ដែក្រោយការហ្វឹកហាត់បានរយៈពេល ២ថ្ងៃ និងបង្ហាញសមត្ថភាព​ក្នុងការប្រកួត​ខាង​លើ វឌ្ឍនាកា មិនបានជួយក្រុមថ្មីរបស់ខ្លួនឲ្យទទួលលទ្ធផលល្អនោះទេ គឺចាញ់ក្រុម Y.S.C.C YOKOHAMA ដោយ​លទ្ធផល ៤-១ ។

 

ប៉ុន្ដែទោះជាបែបនេះក្ដីលោក Atsushi Oishi គ្រូបង្វឹកក្រុម Fujieda MYFC នៅតែមើលឃើញពីចំណុចល្អរបស់ ចាន់ វឌ្ឍនាកា និងបានកោតសរសើរ កូនប្រុសទី២របស់អភិបាលខេត្តកំពតរូបនេះ គឺជាកីឡាករល្អ និងចាត់ទុកជាផ្នែកមួយដ៏សំខាន់ ដើម្បីរួម​ចំណែក​ប្រកួតប្រជែងលីគលំដាប់ទី៣ របស់ជប៉ុននាពេលឆាប់ៗខាងមុខ។ ក្រោយបញ្ចប់ការប្រកួត​មិត្តភាពក្រៅផ្លូវការ​ខាង​លើលោក Atsushi Oishi បាននិយាយយ៉ាងខ្លីថា «ចាន់ វឌ្ឍនាកា លេងជាខ្សែប្រយុទ្ធក៏ល្អ ហើយការដណ្ដើម​បាល់ពីដៃ​គូក៏ល្អ»។

យ៉ាងណាមិញលោកបានទទួលស្គាល់ថា កីឡាករទើបផ្ទេរពីក្លឹបបឹងកេតអង្គរនេះ ទើបទៅដល់ប្រទេសជប៉ុន ដោយមិនទាន់ស៊ាំ​នឹងអាកាសធាតុត្រជាក់នៅទីនោះ ដូច្នេះការហ្វឹកហាត់ និងកម្លាំងរបស់គេមិនទាន់គ្រប់គ្រាន់នោះទេ។ តែអ្វីដែលលោកពេញ​ចិត្តចំពោះទម្រង់លេងរបស់ វឌ្ឍនាកា គឺជំនាញស៊ុតបញ្ចូលទី និងការបង្កបញ្ហាដល់ខ្សែការពារក្នុងតំបន់គ្រោះថ្នាក់ ដែលធ្វើឲ្យ​លោក​ជឿជាក់ថា រដូវកាលថ្មីនេះគេនឹងអាចរកគ្រាប់បាល់បានច្រើន ដើម្បីជួយក្រុម Fujieda MYFC ឆ្ពោះទៅដណ្ដើមកៅអីលីគ​លំដាប់ទី២ របស់ជប៉ុន៕

 

 

ប្រភព ៖ Fresh News


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

No result found!

អត្ថបទពេញនិយម

No result found!