ឡូយហួស! ឌូបៃ នឹងដំណើរការតាក់ស៊ីលើមេឃ ដំបូងគេបង្អស់ នៅក្នុងខែកក្កដា ខាងមុខនេះ (មានវីដេអូ).

បច្ចេកវិទ្យាថ្ងៃសៅរ៍ ទី10 ខែមិថុនា ឆ្នាំ2017 ម៉ោង 9:40 នាទី ល្ងាច

អារ៉ាប់រួម៖ ទីក្រុងឌូបៃ គ្រោងនឹងដំណើរការសេវាកម្ម តាក់ស៊ីលើមេឃ ដំបូងគេបំផុតនៅក្នុងឆ្នាំ២០១៧ ដោយប្រើប្រាស់ដ្រូន ដំណើរការស្វ័យប្រវត្តិ ដែលផលិតដោយក្រុមហ៊ុនចិន ឈ្មោះ EHang Inc ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន VOA របស់អាមេរិក។

ប្រភពព័ត៌មានបានឲ្យដឹងថា តាក់ស៊ីដ្រូន EHang 184 នេះ ដំណើរការដោយថាមពលថ្ម នឹងត្រូវបានរចនាឡើយដោយមានរាងដូចជាស៊ុតមួយគ្រាប់។ វាអាចផ្ទុកអ្នកដំណើរចំនួនម្នាក់ និងធ្វើដំណើរលើរយៈចម្ងាយជិត ឬមធ្យម ហើយអាជ្ញាធរក្នុងទីក្រុងឌូបៃ បាននិយាយថា ពួកគេគ្រោងនឹងប្រើដ្រូន ដែលផលិតដោយក្រុមហ៊ុនចិនមួយនេះ ក្នុងការដំណើរការសេវាកម្មតាក់ស៊ីលើមេឃ ឲ្យបានឆាប់បំផុតនៅក្នុងខែកក្កដា។

ប្រភពបន្តថា ដ្រូន EHang 184 ដែលផលិតដោយក្រុមហ៊ុនចិនមួយនេះ មានស្លាប កង្ហារចំនួន ០៤ ហើយវាត្រូវបានរចនាឡើង ដើម្បីដាក់អ្នកដំណើរចំនួនម្នាក់ និងអាចផ្ទុកទំងន់បាន ១០០គីឡូក្រាម ព្រមទាំងមានកន្លែងដាក់អីវ៉ាន់តូចមួយ នៅខាងក្រោយ។

 

ប្រធាននាយកដ្ឋានផ្លូវថ្នល់ និងដឹកជញ្ជូនរបស់ទីក្រុងឌូបៃ បានឲ្យដឹងថា តាក់ស៊ីលើមេឃ ស្វ័យប្រវត្តិមួយនេះ ត្រូវបានធ្វើការសាកល្បងរួចទៅហើយនៅក្នុងទីក្រុង នៃប្រទេសអារ៉ាប់រួមមួយនេះ។ ហើយសេវាកម្មរបស់វា ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅក្នុងខែកក្កដាឆ្នាំ២០១៧។

តាក់ស៊ីដ្រូន ដែលមានរាងដូចជាស៊ុតមួយនេះ អាចធ្វើដំណើរបានក្នុងល្បឿនអតិបរមា ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាអាចហោះបានរយៈពេល ៣០នាទី រាល់ការសាកថ្មពេញម្តងៗ និងអាចហោះហើរក្នុងរយៈចម្ងាយឆ្ងាយបំផុត ៥០គីឡូម៉ែត្រ។

តាមរយៈវីដេអូបង្ហាញពីតាក់ស៊ីដ្រូននេះ បានឲ្យយើងឃើញថា ដំណើរការទាំងអស់ត្រូវបានធ្វើឡើងដោយស្វ័យប្រវត្តិ។ រីឯការហៅតាក់ស៊ីមួយនេះ អាចធ្វើឡើងតាមរយៈកម្មវិធីទូរស័ព្ទមួយ ដើម្បីឲ្យវាហោះមកទទួលអ្នកដំណើរ នៅទីតាំងដែលបានកំណត់ ហើយអ្នកដំណើរអាចកំណត់ពីគោលដៅដែលត្រូវទៅ ដោយចុចនៅលើផែនទី ដែលរចនាឡើងនៅក្នុងតាក់ស៊ីស្រាប់។

មន្រ្តីបច្ចេកទេសរបស់ក្រុមហ៊ុនចិន EHang បានឲ្យដឹងថា ដើម្បីបង្កើនសុវត្តិភាពរបស់អ្នកដំណើរ រាល់ការធ្វើដំណើរ និងដំណើរការនៃម៉ាស៊ីនរបស់តាក់ស៊ីដ្រូនទាំងអស់ ត្រូវបានតាមដានយ៉ាងល្អិតល្អន់ដោយបុគ្គលិក នៅក្នុងមជ្ឈមណ្ឌបញ្ជា និងគ្រប់គ្រង ហើយអ្នកដំណើរនៅក្នុងតាក់ស៊ី ក៏អាចធ្វើការទំនាក់ទំនងជាមួយមជ្ឈមណ្ឌបញ្ជា និងគ្រប់គ្រង ប្រសិនបើមានការចាំបាច់៕

ប្រភព: khmerload


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

No result found!

អត្ថបទពេញនិយម

No result found!