រុស្ស៊ីផលិតបានកង់ហោះ សម្រាប់ធ្វើដំណើរដំបូងបំផុតក្នុងលោក តែតម្លៃកប់ក្តោង

បច្ចេកវិទ្យាថ្ងៃសៅរ៍ ទី10 ខែមិថុនា ឆ្នាំ2017 ម៉ោង 9:55 នាទី ល្ងាច

រុស្ស៊ី៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ថាក្រុមហ៊ុនរបស់រុស្ស៊ីមួយ បានផលិតម៉ាស៊ីនដ៏អស្ចារ្យ ឈ្មោះ HOVERBIKE ឬ កង់ហោះ សម្រាប់ធ្វើដំណើរដំបូងបំផុត ក្នុងពិភពលោក ដែលអាចកាត់បន្ថយពេលវេលាធ្វើដំណើរជាប្រចាំថ្ងៃបានយ៉ាងច្រើន។

HOVERBIKE ឬ កង់ហោះនេះ ត្រូវបានរចនាឡើងមកជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យ ដោយបំពាក់កៅអីអង្គុយចំនួន១ និងអាចលើកមនុស្សចំនួនម្នាក់ទៅលើអាកាសបាន ជាមួយប្រព័ន្ធគ្រប់គ្រងការហោះហើរ យ៉ាងមានសមត្ថភាព។

ប្រភពព័ត៌មានបានឲ្យដឹងថា កង់ហោះ នេះមានឈ្មោះថា Scorpion-3 វាត្រូវបានរចនាឡើងដោយរួមបញ្ចូលជាមូយបច្ចេកវិទ្យាស្តង់ដា របស់ម៉ូតូ និងការផ្គុំគ្នារវាងឧទ្ធម្ភាគចក្រដ្រូន ដែលមានស្លាបបួន។ ការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទាំងនេះ អនុញ្ញាតឲ្យអ្នកបើកបរ អាចបត់បែននៅក្នុងអាកាស ដូចកំពុងតែជិះកង់អ៊ីចឹង។

អ្នកជំនាញដែលបង្កើតកង់ហោះមួយនេះ បាននិយាយថា Scorpion-3 អាចផ្ទុកទំងន់បានចំនួន ១២០គីឡូក្រាម និងអាចហោះបានក្នុងល្បឿនជិត ៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង លើកម្ពស់ជាង១០ម៉ែត្រ។ អ្នកជំនាញបន្តថា វាអាចហោះហើរបានរយៈពេលជាង ២៧នាទី ហើយជាមួយនឹងសមត្ថភាពដ៏អស្ចារ្យបែបនេះ តម្លៃក៏មិនធម្មតាដែរ ដោយអ្នកអាចបញ្ជាទិញបានក្នុងតម្លៃប្រមាណ ១៥០.០០០ដុល្លារអាមេរិក។

គួរបញ្ជាក់ថា ល្បឿនអតិបរមារបស់ Scorpion-3 គឺត្រូវបានកំណត់ឲ្យស៊ីគ្នាជាមួយនឹងកម្ពស់ដែលវាអាចហោះបាន ដើម្បីជាយន្តការសុវត្ថិភាពបើកបរ និងស្ថិតក្នុងគោលបំណងដើម្បីបង្ការការកើតមានគ្រោះថ្នាក់ ខណៈក្រុមអ្នកផលិត មានបំណងចង់ បង្កើនសមត្ថភាពរបស់វាបន្ថែមទៀត៕

ចង់ដឹងថា HOVERBIKE ឬ កង់ហោះ នេះ មានសមត្ថភាពអស្ចារ្យប៉ុណ្ណានោះ ទៅទស្សនាវីដេអូទាំងអស់គ្នា!

 

ប្រភព ៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

No result found!

អត្ថបទពេញនិយម

No result found!